ផលិតកម្ម GTH ដែលប្រិយមិត្ត ទាំងអស់គ្នា ធ្លាប់បានស្គាល់ តាមរយៈរឿងថៃ ដែលបានបញ្ចាំង នៅតាមរោងកុន ក៏ដូចជានៅតាមកញ្ចក់ទូរទស្សន៍ កន្លងមកនោះ ឥឡូវនេះ បានបិទទ្វារផលិតកម្ម របស់ខ្លួនហើយ បន្ទាប់ពីបានដំណើរការ អស់រយៈពេល ជាច្រើនឆ្នាំកន្លងមក។ មូលហេតុនោះគឺ ដោយសារតែ មានការខ្វែងគំនិតគ្នា ទៅវិញទៅមក រវាងដៃគូរបណ្តាក់ទុន របស់ខ្លួន។ ចំពោះដំណឹងនេះដែរ ត្រូវបានចេញផ្សាយ ដោយក្រុមហ៊ុន GTH ផ្ទាល់ នៅល្ងាចថ្ងៃសុក្រ 13វិច្ឆិកានេះ នៅលើវេបសាយ របស់ខ្លួនតែម្តង។
យ៉ាងណាមិញ នៅក្នុងឃ្លា ដែលបានផ្សាយ នៅលើផលិតកម្ម GHT នោះបាននិយាយថា “ កាលពីពេលដ៏យូរមួយ ក្រុមហ៊ុន Tai Entertainment ចង់ចុះបញ្ជី ក្រុមហ៊ុន GTH នៅលើ ទីផ្សារភាគហ៊ុន ដើម្បីបង្កើនមូលនិធិ សម្រាប់គម្រោងធំ និងដើម្បីពង្រីកអាជីវកម្ម។ ដោយឡែក ក្រុមហ៊ុន Heb Ho Hin វិញ មិនយល់ស្រប នឹងគំនិតនេះទេ ដោយគិតថា ក្រុមហ៊ុនមួយនេះ មិនទាន់ត្រៀមខ្លួនរួចរាល់ឡើយ សម្រាប់បំលាស់ប្តូរ ដ៏ធំនេះ ក្នុងរយៈពេល 1 ទៅ 3 ឆ្នាំខាងមុខទៀត។” ក្រុមហ៊ុន Heb Ho Hin ក៏បានបន្ថែមដែរថា “វាអាចនឹង ដាក់សម្ពាធខ្លាំងទៅវិញទេ បើសិនជា អនុវត្តទៅតាម គំនិតរបស់ Tai Entertainment ខាងលើ”។
បន្តថា សម្រាប់ក្រុមហ៊ុន GMM Grammy វិញបានយល់ថា គំនិតទាំងពីរខាងលើនេះ សុទ្ធតែមានផលប្រយោជន៍ ដូចៗគ្នា ហើយក្រុមហ៊ុនមួយនេះ ក៏បានត្រៀមខ្លួនរួចរាល់ផងដែរ សម្រាប់ការសម្រេចចិត្ត របស់ក្រុមហ៊ុន ទាំងពីរខាងលើ ថាតើគួរឬមិនគួរ។ ក៏ប៉ុន្តែ ក្រោយៗមក កិច្ចព្រមព្រៀងនេះ នៅតែមិនទាន់ សម្រេចបាន ជាហេតុធ្វើអោយ ដៃគូរទាំងបីនេះ សម្រេចចិត្ត បញ្ឈប់អាជីវកម្ម របស់ខ្លួន តែម្តង។
គូសបញ្ជាក់ផងដែរថា ផលិតកម្ម GTH ត្រូវបណ្តាក់ទុនឡើង ដោយក្រុមហ៊ុនធំៗ ចំនួនបី មានដូចជា GMM Grammy, Tai Entertainment Co Ltd និង Hub Ho Hin Bangkok Co Ltd ហើយមកដល់ សព្វថ្ងៃនេះដែរ ផលិតកម្ម GTH ដំណើរការបាន 11 ឆ្នាំហើយ។
សរុបមកវិញ ផលិតកម្ម GTH នឹងបញ្ឈប់អាជីវកម្ម របស់ខ្លួន នៅចុងឆ្នាំនេះតែម្តង ដោយត្រូវនឹងថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2015។ ហើយចំពោះបុគ្គលិក ដែលធ្វើការនៅទីនោះ ក៏នឹងត្រូវទទួលបាន ប្រាក់រង្វាន់មុននឹង ឈប់ធ្វើការផងដែរ។