ថ្ងៃទី១៤ ខែកុម្ភៈរាល់ឆ្នាំ គឺជាទិវាបុណ្យនៃក្ដីស្រលាញ់ ដែលយុវវ័យខ្មែរមួយចំនួនតែងតែហៅថា ជាថ្ងៃបុណ្យសង្សារ ។ និយាយពីថ្ងៃនេះ សារព័ត៌មានបរទេសដ៏ល្បីមួយរបស់អាមេរិកបានចុះផ្សាយថា ថ្ងៃបុណ្យ Valentine Day គឺជាថ្ងៃគ្រោះថ្នាក់បំផុតសម្រាប់យុវវ័យកម្ពុជា ។
តាមពិតទៅថ្ងៃទី១៤កុម្ភៈ គ្រាន់តែជាទិវានៃក្ដីស្រលាញ់ ដែលគេស្ដែងចេញចំពោះមិត្តភក្ដិ បងប្អូន និងសាច់ញាតិប៉ុណ្ណោះ ប៉ុន្តែយុវវ័យសម័យថ្មីតែងតែចាត់ទុកថ្ងៃនេះជាថ្ងៃបុណ្យសង្សារ ហើយវាក៏ក្លាយជាថ្ងៃដ៏គ្រោះថ្នាក់មួយសម្រាប់នារីៗ និងយុវតីមួយចំនួនដែរ ដោយកន្លងមកនេះ យុវតីជាច្រើនហ៊ានលះបង់ព្រហ្មចារីរបស់ខ្លួនចំពោះបុរសម្នាក់ ដោយសារតែកាដូរបន្តិចបន្តួច និងការលួងលោមដ៏ផ្អែមល្ហែមរបស់ពួកគេ ។
តាមពិតកម្ពុជាជាប្រទេសដែលមានអត្រារំលោភសេពសន្ថវៈខ្ពស់ណាស់ទៅហើយ ជាក់ស្ដែងការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ឲ្យឃើញថា បុរសម្នាក់ក្នុងចំណោម៥នាក់ បានសារភាពថា គេធ្លាប់ធ្វើការរំលោភសេពសន្ថវៈយ៉ាងតិចម្ដង ហើយ២ភាគ៣នៃអ្នកទាំងនោះនិយាយថា គេធ្លាប់ចាប់បង្ខំមិត្តស្រីរបស់គេឲ្យរួមរក្សតែម្ដង ។
ហេតុដូច្នេះហើយ ថ្ងៃទិវានៃក្ដីស្រលាញ់នេះ អាចនឹងក្លាយជាឱកាសមួយជំរុញឲ្យមានសកម្មភាពបែបនេះកើតឡើងកាន់តែច្រើនឡើង ដែលជាហេតុធ្វើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា លោក ហង្ស ជួនណារ៉ុង និយាយថា ការទិញផ្កាជូនសម្រាប់មិត្តភក្ដិ និងសាច់ញាតគឺជារឿងត្រឹមត្រូវមួយ ប៉ុន្តែបើដល់ថ្នាក់លះបង់ព្រហ្មចារីរបស់ខ្លួនហើយ វាមិនមែនជាទង្វើសមរម្យនោះទេ ។
មនុស្សមួយចំនួនតូចតែងចាត់ទុកថា ថ្ងៃទិវានៃក្ដីស្រលាញ់គឺជាពេលវេលាដែលពួកគេត្រូវលះបង់ព្រហ្មចារីរបស់ខ្លួន ដើម្បីបង្ហាញភាពស្មោះត្រង់នៃស្នេហា ប៉ុន្តែវាមិនមែនជាការពិតទេ មិនត្រឹមតែប៉ុណ្ណោះ វានឹងធ្វើការឲ្យបាត់បង់តម្លៃផ្ទាល់ខ្លួន ព្រមទាំងតម្លៃគ្រួសារផងដែរ ។
ជនឆ្លៀតឱកាសមួយចំនួននឹងយកទិវានៃក្ដីស្រលាញ់នេះ មកធ្វើជាឱកាសក្នុងការកេងចំណេញលើនារីៗ ហើយមានពេលខ្លះមិនមែនគ្រាន់តែពាក្យលួងលោមប៉ុណ្ណោះទេ ប៉ុន្តែវាអាចឈានដល់ថ្នាក់ក្លាយជាករណីរំលោភសេពសន្ថវៈទៀតផង ។
លោក តុង សុប្រាជ្ញ អ្នកជំនាញខាងសុខភាពសាធារណៈ ធ្លាប់បានធ្វើការស្រាវជ្រាវចំពោះថ្ងៃទី១៤កុម្ភៈនេះដែរ ដោយគិតចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៤ ហើយអ្វីដែលលោករកឃើញពិតជាគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង ។
លោកបានធ្វើការសម្ភាសន៍មនុស្សចំនួន៧១៥នាក់ ចន្លោះពីអាយុ១៥-២៤ឆ្នាំ ក្នុងនោះមនុស្សប្រុស២ភាគ៣បានសារភាពថា ពួកគេធ្លាប់បង្ខំមិត្តស្រីឲ្យរួមភេទជាមួយពួកគេក្នុងថ្ងៃ Valentine Day កាលពីឆ្នាំ២០០៩ ប៉ុន្តែតួរលេខនេះបានធ្លាក់ចុះមកវិញនៅឆ្នាំ២០១៤ តែនៅតែមានចំនួនច្រើនដដែល ។
អ្នកដែលត្រូវបានគេសម្ភាស៍ខ្លះនិយាយថា ពួកគេនឹងបញ្ចុះបញ្ចូលខាងស្រីឲ្យរួមភេទជាមួយពួកគេ ដោយប្រើពាក្យថា “បើយើងមិនរួមភេទជាមួយគ្នាទេ វាមិនអាចបញ្ជាក់បានថា យើងស្រលាញ់គ្នាពិតទេ” ឯខ្លះទៀតនិយាយថា “ខ្ញុំនឹងដាក់សម្ពាធឲ្យនាង ដោយនាំនាងយកទៅកន្លែងឆ្ងាយ ហើយទើបលួងលោមសុំការរួមភេទតាមក្រោយ” ប៉ុន្តែចម្លើយដែលពេញនិយមជាងគេបំផុតនោះគឺ “ខ្ញុំនឹងទិញកាដូរថ្លៃជូនដល់នាង ក្នុងគោលបំណងប្ដូរយកការរួមភេទមកវិញ” ។
រឿងនិទានស្ដែងពីរឿងពិតមួយចំនួនត្រូវបានគេលើកយកមកនិយាយ ជាក់ស្ដែងដូចជាគេថា ខាងប្រុសសុំខាងស្រីរួមភេទ ដោយសារតែខាងស្រីស្រលាញ់គេស្មោះ នាងក៏យល់ព្រម ប៉ុន្តែដល់ក្រោយបានរាងកាយនាងហើយ ប៉ុន្មានខែក្រោយមកស្រាប់តែខាងប្រុសមានមិត្តស្រីថ្មីបាត់ ហើយជាចុងក្រោយ នាងបានត្រឹមតែភាពសោកសៅតែប៉ុណ្ណោះ ។
គួរបញ្ជាក់ថា យុវជនភាគច្រើនក្នុងសង្គមខ្មែរយើងមិនទាន់ស្គាល់អ្វីជាថ្ងៃ Valentine Day ឲ្យប្រាកដទេ ក៏មិនស្គាល់ដើមកំណើតនៃទិវានេះដែរ ប៉ុន្តែវាបានចាក់ស្រេះទៅក្នុងផ្នត់គំនិតពួកគេយ៉ាងជ្រៅបាត់ទៅហើយ ហើយពួកគេតែងតែប្រារព្ធវាឡើងជារៀងរាល់ឆ្នាំមិនដែលខាន ។
ដូច្នេះហើយ សូមបង្កើនការប្រុងប្រយ័ត្នឲ្យមែនទែនចំពោះនារីៗ ជាពិសេសការទទួលយកកាដូរថ្លៃៗ និងការហៅដើរលេងទៅតំបន់ឆ្ងាយ និងស្ងាត់ជាដើម ព្រោះទិវាក្ដីស្រលាញ់អាចនឹងប្រែក្លាយជាថ្ងៃដ៏សោកសៅបំផុតក្នុងជីវិតរបស់អ្នក ៕




