ប្រវត្តិខ្លីៗថ្ងៃបុណ្យសែនក្បាលទឹក

ថ្ងៃបុណ្យសែនក្បាលទឹកដែលជាទំនៀមទម្លាប់ជនជាតិចិនសម្រាប់ឆ្នាំ២០១៥ នេះគឺប្រារព្ធធ្វើឡើងនៅថ្ងៃ ១៥កើត ខែ៧ តាមប្រក្រតីទិនចិន (ចន្ទគតិ) ដែលត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥។ ខាងក្រោមនេះ គឺជាប្រវត្តិសង្ខេបនៃបុណ្យសែនក្បាលទឹក៖

បុណ្យសែនក្បាលទឹកថ្ងៃ ១៥កើត ខែ៧ បើតាមប្រភពសាសនាព្រះពុទ្ធនៅប្រទេសឥណ្ឌាគេហៅថា «យូឡានជា»។ រីឯ ប្រភពសាសនាតាវនៅប្រទេសចិនហៅថា «ចុងយួនជា»។ ជាយូរលង់ណាស់មកហើយ ដោយសារតែសាសនាទាំងពីរនេះបានរំលាយចូលគ្នានោះ គឺបានក្លាយជាជំនឿប្រពៃណីរបស់ប្រជាពលរដ្ឋ។ តាមគម្ពីរព្រះពុទ្ធបានសម្តែងថា សាវករបស់ព្រះសម្មាសម្ពុទ្ធនាមមូលាន (ជនជាតិឥណ្ឌា) ពេលបានឃើញម្តាយរងទុក្ខវេទនាអត់ឃ្លាននៅឋាននរក ទើបព្រះសម្មាសម្ពុទ្ធ និងព្រះសាវកទាំងអស់រួមកម្លាំងគ្នា ដើម្បីជួយសង្គ្រោះម្តាយចេញពីសេចក្តីទុក្ខវេទនា។ ដូច្នេះអ្នកកាន់ព្រះពុទ្ធសាសនារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃ ១៥កើត ខែ៧ តែងតែរៀបចំពិធីសែនព្រេន និងសូត្រមន្តដើម្បីរំដោះគ្រោះ។ តែប្រសិនបើឪពុកម្តាយនៅរស់ គឺត្រូវធ្វើពិធីបួងសួងសុំសេចក្តីសុខជូនដល់ពួកគាត់។ ក្រោយមកបុណ្យ «យូឡានជា» របស់ឥណ្ឌានេះបានហូរចូលក្នុងប្រទេសចិន ហើយដែលប្រជាជនចិននាំគ្នាគោរពប្រណិបត្តិរហូមកទល់សព្វថ្ងៃនេះ។

ចំណែកប្រវត្តិបុណ្យ «ចុងយួនជា» របស់ជនជាតិចិនវិញ គឺមានការដំណាលថាថ្ងៃ ១៥កើត ខែ៧ គឺជាថ្ងៃដែលស្តេចយមបាលលើកលែងទោស ដោយអនុញ្ញាតិឲ្យពួកខ្មោចដែលអត់ឃ្លាននៅក្នុងឋាននរកឈប់សម្រាកបានមួយខែ ដោយគិតចាប់ពីថ្ងៃ ១កើតដល់ដំណាច់ ខែ៧។ ថ្ងៃ ១កើតគេហៅថា បើកទ្វារខ្មោច និងដំណាច់ខែគេហៅថា បិទទ្វារខ្មោច។ ដូច្នេះអ្នកកាន់សាសនាតាវតែងតែធ្វើពិធីសែនព្រេននៅថ្ងៃ ១៥កើត ខែ៧ជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់ព្រលឹង និងវិញ្ញាណខន្តអ្នកដែលបានស្លាប់ទៅ ព្រមទាំងបានបួងសួងឲ្យអ្នកចែកឋានដែលជា សាច់សារលោហិតទាំងនោះឆាប់មកចាប់ជាតិនៅឋានមនុស្សលោកវិញ។ ហេតុនេះ គេចាត់ទុកថា ខែ៧ គឺជា «ខែខ្មោច»។ ចំពោះគ្រឿងសំណែនវិញ គឺមិនខុសពីគ្រឿងសំណែនបុណ្យសែនផ្នូរ ឬបុណ្យឆេងមេងនោះឡើយ ដោយមានម្ហូបអាហារ បង្អែម ផ្លែឈើ ទានធូប និងក្រដាស់សែនគ្រប់មុខ៕



ប្រភព៖ ប្រជាប្រិយ
© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team