សាក់ឡូ ឬដែលមានឈ្មោះពិតថា ឆាលី ឆាភ្លីន ( Charlie Chaplin ) កំពូលតារាកំប្លែងដ៏ល្បី នៅទូទាំងពិភពលោក ដែលប្រជាជនខ្មែរជំនាន់មុនភាគច្រើននៅចងចាំមិនភ្លេចឡើយ ហើយក៏មានតារាកំប្លែង ក្នុងស្រុកយើងខ្លះ បានយកស្ដាយ៍សម្ដែងពីលោកផងដែរ។ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថា សាក់ឡូ មិនត្រឹមតែជាឈ្មោះដែលត្រូវបានប្រជាជនខ្មែរចងចាំជាងគេនោះទេ តែលោកក៏ជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលល្បីៗ ដែលបានជាប់ចិត្ត និងធ្លាប់ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្នុងសម័យអាណានិគមបារាំងផងដែរ។
យោងតាមប្រភពពីរបាយការណ៍មួយពីប្រវត្តិសាស្ត្រធ្វើដំណើររបស់ សាក់ឡូ បានឲ្យដឹងថា លោកបានមកទស្សនកិច្ចនៅប្រទេសកម្ពុជា គឺនៅទីក្រុងភ្នំពេញ និងនៅអង្គរវត្តយើង កាលពីឆ្នាំ១៩៣៦ (សម័យបារាំង)។ កាលនោះ លោកបានមកជាមួយនឹងអ្នកកំប្លែងម្នាក់ទៀត ឈ្មោះថា ផូលិត ហ្កោដាដ ( Paulette Goddard ) ។ នាពេលនោះដែរ សារព័ត៌មានក្នុងស្រុកយើង និងបរទេសខ្លះក៏យកចិត្តទុកដាក់ ចំពោះការផ្សព្វផ្សាយ ពីដំណឹងរបស់លោក សាក់ឡូ មកកាន់កម្ពុជាផងដែរ។
តាំងពីទសវត្សរ៍ឆ្នាំ៣០មក វាកន្លងទៅជិត៨០ឆ្នាំមកហើយ ដែលស្ដាយ៍កំប្លែង និងឈ្មោះរបស់ សាក់ឡូ នៅតែមានក្នុងសង្គមខ្មែរយើងនៅឡើយ ពោលគឺឈ្មោះរបស់លោក ត្រូវបានប្រជាជនខ្មែរ បានស្គាល់ និងចងចាំ ជាងឈ្មោះប្រធានាធិបតី ឬមេដឹកនាំល្បីៗរបស់ពិភពលោកផ្សេងទៀត ដែលធ្លាប់មកកាន់កម្ពុជាទៅទៀត។
តារាកំប្លែងកាយវិការ សាក់ឡូ មានកំណើតនៅក្នុងចក្រភពអង់គ្លេស លោកកើតនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៨៨៩ និងបានទទួលមរណភាព នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៧ ក្នុងអាយុ៨៨ឆ្នាំ៕