កម្ពុជា មិនទប់ក្រុម​ស៊ីរី ដូចពេល​ជួប​ជប៉ុនទេ

ក្រុម​ធំ​ជម្រើសជាតិ​កម្ពុជា នឹង​ត្រូវធ្វើការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ស៊ីរី ក្នុង​វគ្គ​ជម្រុះ​ជុំទី ២ ពាន 2018 FIFA World Cup Russia ប្រចាំ​ទ្វីបអាស៊ី នៅ​ពហុកីឡដ្ឋានជាតិ នាយប់​ម៉ោង ៦:៣០ ថ្ងៃអង្គារ​នេះ ប៉ុន្តែ​គ្រូ​បង្វឹក​បាន​ប្រាប់ថា កម្ពុជា នឹង​មិន​លេងទប់​រហូត​ដូច​ពេលកម្ពុជា ជួប​ជប៉ុន​នោះ​ទេ។
លោក Lee Tae Hoon បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ម្សិលមិញថា៖​«ស៊ីរី គឺ​ជា​ក្រុម​ខ្លាំង​មួយ​នៅ​អាស៊ី ដែល​មាន​កីឡាករ​ធំៗ ដែល​ទាមទារ​ឲ្យ​យើង​រៀបចំ​ផែន​ការ និង​យុទ្ធ​សាស្រ្ដ ដើម្បី​ការពារ​ឲ្យ​បាន​ច្រើន ព្រោះយើង​នៅមានកម្រិត​ទាប​ជាង​គេ ប៉ុន្តែ​យើងក៏​ត្រូវ​មានការ​ប្រជែង ជាមួយ​ក្រុម​មួយ​នេះ​ផង​ដែរ គឺ​មិនមែន​លេងទប់​រហូត​ដូច​ពេល​ជួប​ក្រុម​ជប៉ុន នៅ​ក្រៅទឹកដី​នោះទេ»។

លោក​បញ្ជាក់​ថា៖​«បើ​ទោះ​បី​ជា​ក្រុម​ស៊ីរី ខ្លាំង​ជាង​យើង ប៉ុន្តែ​នេះ​ជា​ការប្រកួត​នៅ​ក្នុងទឹកដី ហេតុនេះ​យើង​ត្រូវ​តែ​ឲ្យ​កីឡាករ​របស់​យើងលេង​ឲ្យ​បានខ្លាំង ក្នុង​ការ​វាយបក​ទៅស៊ីរី វិញ ដើម្បីបង្ហាញ​ដល់​អ្នកគាំទ្រ​​ពី​ការខិតខំ​ប្រឹង​ប្រែង​របស់​យើង ហើយ​ខ្ញុំគិតថា​កីឡាករ​ខ្ពស់ៗ​របស់​ស៊ីរី អាចនឹង​មាន​ចលនា​យឺត ដែល​ជា​ឱកាស​អាច​ជួយ​ឲ្យ​យើងវាយ​បក នៅ​ពេល​យើង​ទទួល​បាន​បាល់មក​គ្រប់គ្រង ម្ដងៗ»។​
ក្រុមស៊ីរី កំពុង​ឈរ​នៅ​លេខរៀងទី ១ ប្រចាំពូល E ជា​បណ្តោះ​អាសន្ន ព្រោះ ២ ប្រកួតកន្លង​មកនេះ​ពួក​គេ​បានលត់​ក្រុម​អាហ្វហ្គានីស្ថាន ៦-០ និងបាន​បន្ដឈ្នះ​ក្រុម​សិង្ហបុរី ១-០ ដោយ​មាន ៦ ពិន្ទុ​លើស ក្រុម ជប៉ុន និង​សិង្ហបុរី ដែល​ទើបមាន ៤ ពិន្ទុ ខណៈ​អាហ្វហ្គានីស្ថាន មាន ៣ ពិន្ទុ ប៉ុន្តែ​កម្ពុជា បាន​ចាញ់សិង្ហបុរី ៤-០ ចាញ់​អាហ្វហ្គានីស្ថាន ១-០ និង​ចុង​ក្រោយ​ចាញ់​ជប៉ុន ៣-០។
លោក Fajr Ibrahim គ្រូ​បង្វឹក​ក្រុម​ស៊ីរី បាន​ថ្លែង​ក្នុងសន្និសីទ​កាសែត កាល​ពី​ម្សិលមិញ​ថា៖​«យើង​ពិតជា​សប្បាយ​រីករាយ ចំពោះ​ការ​ធ្វើ​ដំណើរមក​ជួប​ក្រុម​កម្ពុជា នៅ​ពេល​នេះ ហើយ ​ការចាញ់ ៣ លើក​ជាប់ៗ​គ្នា​របស់​កម្ពុជា បាន​ធ្វើ​ឲ្យ​យើង​កាន់តែ​មាន​ការជឿជាក់​ថា យើង​នឹង​បន្ត​យក​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ។ ប៉ុន្តែ​យើង​ក៏​មិន​បាន​មើល​ស្រាល​ក្រុមកម្ពុជា នោះ​ដែរ ព្រោះ​ពី ១ ប្រកួត​ទៅ ១ ប្រកួត ទម្រង់​លេង​របស់​កម្ពុជា កាន់​តែ​មាន​ការ​រីក​ចម្រើន»។
សម្រាប់​ការ​ប្រកួត​នៅ​យប់​នេះ ខ្សែ​បម្រើ​ប្រយុទ្ធ ប្រាក់ មុន្នីឧត្តម ហួយ ផល្លីន និង​អ្នក​ចាំទី អ៊ុំ សេរីរ័ត្ន ត្រូវ​បាន​លោក Lee ដាក់​ឲ្យចូលលេង​វិញ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ត្រូវ​បាន​បង្ខំ​ចិត្ត​ដក​ខ្លួន​ចេញ ព្រោះ​របួស​ជើង​របស់​គេ ត្រូវ​ការពេល​ជាង ១ ខែ​ទៀត ដើម្បី​ព្យាបាល។
យ៉ាងណា​ក៏​ដោយ​លោក Lee Tae Hoon បាន​សុំ​ឲ្យ​ប្រព័ន្ធ​ផ្សព្ប​ផ្សាយ ក៏​ដូ​ច​ជាអ្នក​គាំទ្រ​ទាំងអស់ កុំ​ឲ្យ​តម្លៃ​តែទៅ​លើ​ ចាន់ វឌ្ឍនាកា ឬ​ ប្រាក់ មុន្នីឧត្តម ថាជា Super Star នៅ​ក្នុង​ក្រុម ព្រោះ​បាល់​ទាត់​ត្រូវ​លេងជា​ក្រុម ដែល​កីឡាករ​ទាំងអស់ សុទ្ធ​តែ​មាន​សារៈសំខាន់ ក្នុង​ការ​ជួយ​ក្រុមដូច​គ្នា មិន​មែន ចាន់ វឌ្ឍនាកា និង មុន្នីឧត្តម លេង​តែ ២ នាក់​កើត​នោះ​ទេ។
ហេតុ​នេះសូម​កុំ​បន្ត​ឲ្យ​តម្លៃ​ទៅ​លើ​តែ​កីឡាករ ១ ឬ ២ នាក់ នៅ​ក្នុង​ក្រុម ព្រោះ​សកម្ម​ភាព​នេះ វា​ធ្វើ​ឲ្យ​បាត់បង់​សាមគ្គីភាព​ក្នុង​ក្រុម នឹង​អាច​ធ្វើ​ឲ្យ​វិស័យ​បាល់​ទាត់នៅ​កម្ពុជា មាន​ការ​ធ្លាក់​ចុះ​ទៅ​ថ្ងៃ​អនាគត។
ចំណែកខ្សែ​ប្រយុទ្ធប្រធាន​ក្រុម ឃួន ឡាបូរ៉ាវី បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​នោះ​ដែរ​ថា៖«យើង​ត្រូវ​តែ​ស្វែង​រក​ឱកាស​វាយបកទៅ​លើ​ក្រុម​ស៊ីរី គឺយើង​មិន​លេង​ទប់សុទ្ធ​ដូច​ជួប​ជប៉ុន​ឡើយ ដើម្បី​ឲ្យអ្នក​គាំទ្រ​បាន​ស្រែក​ហ៊ោ និង​គាំ​ទ្រ​ការ​ប្រកួត​របស់​យើង ខណៈ​ពេល​នេះ​យើង​កំពុង​មាន​ទំនុក​ចិត្ត​ខ្លាំង​ក្នុងការ​ប្រកួត»។
គួរ​បញ្ជាក់​ថា តម្លៃ​សំបុត្រ​សម្រាប់​ចូល​ទស្សនា​ការ​ប្រកួត​នេះ ​ត្រូវ​បានចែកជា ២ ផ្នែក​គឺ​កន្លែង​អង្គុយមាន​ដំបូល ១ សន្លឹក​ថ្លៃ ៣ ម៉ឺន​រៀល និង​កន្លែង​អង្គុយ​អត់​មាន​ដំបូល ១ សន្លឹក​តម្លៃ ១ ម៉ឺនរៀល ហើយ​ការប្រកួត​នេះ​ក៏​មាន​ការផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ BTV ផង​ដែរ៕
© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team