កម្មវិធីប្រគំតន្ត្រី មានឈ្មោះថា« U+Cambodia Dream concert» កាលពីរាត្រីថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ដោយបានបង្ហាញវត្តមានកំពូល តារាចម្រៀងស្រីរបស់ ប្រទេសកម្ពុជា គឺកញ្ញា មាស សុខសោភា កញ្ញា ឡោម លក្ខិណា ឌីជេ ក្ដិប និងតារាចម្រៀងពូកែស្រែក លោក ឆាយ វីរៈយុទ្ធ ដែលជាព្រឹត្តិការណ៍មួយ មានគោលបំណងផ្ដោតសំខាន់ ធ្វើការរៃអង្គាសថវិកា ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា នៅក្នុងប្រទេសកម្ពុជា។
កាន់តែកក្រើក និងពិសេសជាងនេះទៅទៀត ក្រៅពីវត្តមានតារាចម្រៀងទាំងអស់ លើវេទិកាតន្ត្រី ធ្វើទស្សនិកជនសប្បាយរីករាយ ហើយនោះ វត្តមានអ្នកនាង មាស សុខសោភា ក៏បានអង្រួនឆាកឲ្យរង្គើ តាមរយៈបទចម្រៀងមួយចំនួន ដែលនាងបានបកស្រាយ។ វត្តមានតារាចម្រៀងល្បីៗ របស់កម្ពុជា ទៅសម្ដែងនៅក្នុងប្រទេសកូរ៉េលើកនេះ មិនត្រឹមតែទៅសម្ដែង និងបង្ហាញមុខមាត់ជូនពលករខ្មែរ នៅកូរ៉េឲ្យបានទស្សនាសប្បាយរីករាយនោះទេ តែជាព្រឹត្តិការណ៍ រៃអង្គាសថវិកា ដើម្បីមកជួយមន្ទីរពេទ្យ គន្ធបុប្ផា ដែលកំពុងដង្ហើយរកជំនួយ ព្រោះមន្ទីរពេទ្យមួយនេះ កាន់តែខ្សោះថវិកាទៅៗ ឈានទៅរកការប្រកាសអាសន្ន ជារឿយៗផងដែរ។
ប្រភពពីពលករខ្មែរ នៅប្រទេសកូរ៉េ លោកវិចិត្រ បាននិយាយឲ្យដឹងថា លោកសប្បាយចិត្ត និងរំភើបណាស់ ពេលបានជួបតារាចម្រៀងខ្មែរ នៅលើទឹកដីគេបែបនេះ ទោះជាលោកនៅប្រទេសខ្មែរ ក៏ពិបាកនឹងជួបពួកគេដែរ តែពេលនេះពិតជារំភើបមែនទែន។ ក្រៅពីនេះ លោកក៏បានជួយជាថវិកាមួយចំនួន ដើម្បីរួមចំណែកជាមួយសង្គម ផងដែរ។
តារាចម្រៀងទាំងអស់ នឹងវិលត្រឡប់មកកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ហើយនឹងនាំយកថវិកា ដែលបានពីការប្រគំតន្ត្រី យកទៅជួយមន្ទីរពេទ្យគន្ធបុប្ផា ព្រោះការប្រគំតន្ត្រីមានមនុស្សមើលជាច្រើន ហើយជាជោគជ័យយ៉ាងធំធេង សម្រាប់អ្នកទាំងអស់គ្នា។
ជាការពិត តារាចម្រៀង មាស សុខសោភា ត្រូវបានគេសង្កេតឃើញថា នាងនៅតែលេចធ្លោ ជាមួយការងារសង្គម ជាងតារាចម្រៀងនានា មិនថា ការការពារព្រៃឈើ ជួយជនរងគ្រោះ ជួយមន្ទីរពេទ្យគន្ធបុប្ផា ជួយដល់កុមារកំព្រា តែមានមុខនាងបង្ហាញរហូត ។ នេះក៏ជាចំណែកមួយ ធ្វើឲ្យនាងកាន់តែលេចធ្លោទ្វេដង ។ ប៉ុន្តែ មាស សុខសោភា ធ្លាប់បាននិយាយថា នាងល្បីមុនពេលធ្វើសកម្មភាព សប្បុរធម៌ទៅទៀត ដូចនេះគ្មានហេតុផលថា នាងធ្វើសកម្មភាពទាំងនេះដើម្បីមុខមាត់ល្បីនោះទេ ហើយបានបញ្ជាក់គោលការណ៍ ច្បាស់ណាស់ថា សកម្មភាពនេះ មិនពាក់ព័ន្ធ នឹងនយោបាយអ្វីទាំងអស់៕
អត្ថបទ៖ FN