ស្ថិតនៅខាងកើតវិទ្យាល័យបាក់ទូក រទេះលក់សាច់អាំងតាមចិញ្ចើមផ្លូវមានស្លាកយីហោ «ខ្ទមសាច់អាំង» តែងបង្ហើរក្លិនឈ្ងុយតាំងពីព្រឹករហូតដល់ល្ងាច។ ផ្សែង និងក្លិនឈ្ងុយនោះភាយចេញពីចង្អើរអាំងសាច់ជ្រូកដោតចង្កាក់ដ៏រលើបរលោង។
ខុសប្លែកពីសាច់ដោតចង្កាក់ដែលមានរាងស្ដួចទ្រវែង សាច់ជ្រូកជាប់ខ្លាញ់ប្រឡាក់គ្រឿងរសជាតិបែបថៃត្រូវបានដោតយ៉ាងណែនជាប់ចង្កាក់ខ្លីៗ មុននឹងយកអាំងប្រើភ្លើងក្ដៅល្មម។
ម្ចាស់ ខ្ទមសាច់អាំង លោក ហេង ស៊ីណេង ដែលមានគំនិតផ្ដួចផ្ដើមអាជីវកម្មនេះតាមរយៈការគាំទ្រពីឪពុកម្ដាយ បានឲ្យដឹងថា៖ «ឪពុកម្ដាយខ្ញុំគាត់តែងជំរុញ លើកទឹកចិត្តដល់ខ្ញុំរកស៊ីជានិច្ច ហើយថែមទាំងផ្ដល់លុយកាក់ជួយក្នុងការបើកមុខរបររបស់ខ្ញុំទៀតផង»។
លោកបានអះអាងថា សាច់ជ្រូកនេះត្រូវបានផ្សំគ្រឿងដោយរូបលោកផ្ទាល់ ដែលក្នុងមួយថ្ងៃៗលោកអាចលក់បានប្រមាណ ៣០០ ចង្កាក់ ឬច្រើនជាងនេះទៅតាមការកុម្ម៉ង់។ សាច់ជ្រូកអាំងមានតម្លៃ ២០០០ រៀលក្នុងមួយចង្កាក់ និងមានរសជាតិកាន់តែឆ្ងាញ់នៅពេលទទួលទានជាមួយបាយដំណើបស្រួយ ព្រមទាំងបុកល្ហុងហឹរឆ្ងាញ់ផងដែរ៕
ប្រភព៖ ភ្នំពេញប៉ុស្ដិ៍
ប្រភព៖ ភ្នំពេញប៉ុស្ដិ៍