ហ្វីលីពីន សុំ​​មិន​ធ្វើម្ចាស់ផ្ទះ​ពានរង្វាន់ AFF Suzuki Cup 2016 តែ​កម្ពុជា ធ្វើ​ម្ចាស់​ផ្ទះ​វគ្គ​ជម្រុះ

ម្សិលមិញ​នេះ​វេបសាយពត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន ( ASEAN Football Federation ) បានចេញផ្សាយអំពី​ពត៌មាន​ក្តៅ​គគុក​ជុំវិញ​ករណីដែលសហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន​បាន​ជូន​ដំណឹង​ពី​ការ​ដក​ខ្លួន​ចេញ​ពី​ការ​ធ្វើ​ម្ចាស់​ផ្ទះ​រៀបចំ​​ពា​នរង្វាន់​​ធំ​ប្រចាំ​តំបន់អាស៊ាន​គឺ AFF Suzuki Cup 2016 ដែល​នឹង​ប្រព្រឹត្ត​ទៅ​​ចុង​ឆ្នាំ២០១៦ខាងមុខនេះ។

ប្រភព​មិន​បាន​បញ្ជាក់​មូលហេតុ​នៃ​ការ​បោះបង់​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ​នេះ​នោះទេ ប៉ុន្ដែ​ហ្វីលីពីន​ ធ្លាប់​សម្រេច​ចិត្ត​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​មិន​បញ្ជូន​ក្រុម​ជម្រើស​ជាតិ​ក្រោយ​អាយុ​២៣​ឆ្នាំ​របស់​ប្រទេស​ខ្លួន​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម កាល​ពី​ឆ្នាំ ២០១៣ កន្លង​ទៅ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដោយ​គ្រានោះ​អះអាង​ថា​មិនចង់​ចំណាយ​ថវិការរដ្ឋ​ច្រើន ព្រោះ​កីឡា​បាល់ទាត់​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ប្រជែង​យក​មេដាយ។

កត្តានេះអាចជាបញ្ហាដ៏ធំមួយសម្រាប់ព្រឹត្តិការណ៏ប្រចាំតំបន់អាស៊ាន ព្រោះ​ហ្វីលីពីន ត្រូវ​ចាប់​ដៃ​ជាមួយ​មីយ៉ាន់ម៉ា ធ្វើ​ជាសហម្ចាស់​ផ្ទះ​ក្នុង​​ប្រកួត​វគ្គ​ចែក​ពូល ស្រប​ពេល​គណៈកម្មាធិការ​រៀបចំការ​ប្រកួត ​នឹង​បើក​កិច្ច​ប្រជុំ​មួយ​ក្នុង​ពេល​ឆាប់ៗ​នេះ។ ការ​សម្រេចពីការជំនួសសិទ្ធិធ្វើជាម្ចាស់ផ្ទះនេះនឹងត្រូវសម្រេចដោយក្រុមប្រឹក្សារៀបចំការប្រកួត AFF ដែល​នឹង​ធ្វើ​ឡើង​ជា​បន្ត​​ទៀត​នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៦ ខាង​មុខ​ក្នុង​កិច្ចប្រជុំ​ដែល​រៀបចំ​នៅ​ខេត្ត Da Nang, ប្រទេសវៀតណាម។

គួរបញ្ជាក់ផងដែរថាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតពានរង្វាន់ AFF Suzuki Cup 2016 ( វគ្គជម្រុះបឋម ) ផងដែរ។ វគ្គ​ជម្រុះ​បឋម​គឺ​តម្រូវ​ឱ្យ​ក្រុម​ជា​សមាជិក​អាស៊ាន​​ដែល​មាន​តារាង​ចំណាត់​ថ្នាក់ FIFA តិច​ជាង​​ក្រុម​ទាំង​៦ ប្រកួត​គ្នា​យក​តែ២ ក្រុម​ឡើង​ទៅ​ជួប​ក្រុម​ទាំង​៦​ដែល​អង្គុយចាំ​នៅ​ជុំ​ផ្ដាច់ព្រ័ត្រ។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ អំឡុង​ខែ​តុលា។ ដោយ​ឡែក​ការ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ ​គ្រោង​ធ្វើ​នៅ​ខែ​ធ្នូ មុន​ដាច់​ឆ្នាំ​៕

ប្រភព៖ វីអាហ្វ៊ូតប៊ល
© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team