ដើម្បីឱ្យមានភាពទាក់ទាញដល់ភ្ញៀវជាតិនិងអន្តរជាតិទៅកម្សាន្តនៅតំបន់រមណីយដ្ឋានប្រាសាទនគរបាជ័យ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម អាជ្ញាធរខេត្តបានបង្កើត «សួនអាពាហ៍ពិពាហ៍» ឡើង ដោយមានដាំដើមឈើចម្រុះជាច្រើនប្រភេទ សម្រាប់បង្កើតជាគម្របបៃតងឱ្យមានម្លប់ត្រឈឹងត្រឈៃនៅតំបន់នោះ ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ លោក លន់ លឹមថៃ អភិបាលខេត្ត អមដំណើរដោយអភិបាលរងខេត្ត និងប្រធានមន្ទីរនានាជុំវិញខេត្ត បានចុះទៅពិនិត្យដោយផ្ទាល់ ហើយណែនាំមន្ត្រីរដ្ឋបាលព្រៃឈើឲ្យថែរក្សាកូនឈើដែលដាំរួចឱ្យបានល្អ ដែលគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១០ ខែមីនា ខាងមុខ មុនពេលបុណ្យទន្លេចូលមកដល់ ។
នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម លោក ប្រាក់ ណូម៉ា ឱ្យដឹងថា តំបន់រមណីយដ្ឋានទឹកឆា ស្ថិតនៅស្រុកព្រៃឈរ មានសួនអាពាហ៍ពិពាហ៍មួយ ដែលត្រូវបានបង្កើតឡើងជាយូរឆ្នាំមកហើយ មានដាំដើមឈើជាច្រើនប្រភេទនៅទីនោះ ហើយក៏ធ្លាប់មានគូស្វាមីភរិយាខ្លះ នាំគ្នាទៅដាំកូនឈើបង្កើតជាអនុស្សាវរីយ៍សម្រាប់ទុកដល់អ្នកជំនាន់ក្រោយថែមទៀត ។
លោកបន្តទៀតថា ដោយសារតែសម្លឹងឃើញតំបន់ទេសចរណ៍នៅប្រាសាទនគរបាជ័យ នេះ លោកអភិបាលខេត្តក៏បានបង្កើតសួនអាពាហ៍ពិពាហ៍ថ្មីនៅទីនេះទៀតដែលស្ថិតនៅក្នុងស្រុកកំពង់សៀម ដោយមានដាំកូនឈើដូចជា គ្រញូង បេង នាងនួន ធ្នង់ គគីរ ឈើខ្មៅ ជាដើម ។ ដោយឡែក ដើមរំដួលដែលជានិមិត្តរូប តំណាងឲ្យប្រទេសកម្ពុជាយើង ត្រូវបានដាំសម្រាប់បង្កើតជាតំបន់គម្របបៃតងក្នុងពេលខាងមុខ ។
ព្រះតេជគុណ សេង រដ្ឋា ចៅអធិការវត្តនគរបាជ័យក្រៅ មានថេរដីកាថា ព្រះអង្គសប្បាយចិត្ត នៅពេលឃើញលោកអភិបាលខេត្តក៏ដូចជាអាជ្ញាធរស្រុកយកចិត្តទុកដាក់បង្កើតនូវសួនអាពាហ៍ពិពាហ៍នៅក្នុងបរិវេណវត្តរបស់ព្រះអង្គដែលមានប្រសាទបុរាណ ហើយនឹងធ្វើឱ្យវិស័យទេសចរណ៍កាន់តែមានកំណើនឡើង ទាំងភ្ញៀវជាតិនិងអន្តរ
ជាតិ ។
ជាតិ ។
សូមបញ្ជាក់ថា ក្នុងពេលលោក លន់ លឹមថៃ អភិបាលខេត្ត ចុះពិនិត្យសួនអាពាហ៍ពិពាហ៍នៅវត្តនគរបាជ័យ លោកបានលើកឡើងពីអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងដាស់តឿនមន្ត្រី តាមមន្ទីរនានាក្នុងខេត្ត ដែលកើតរោគស្ពឹកនោះ សូមមេត្តាធ្វើការឱ្យរហ័សរហួន បើពុំនោះទេ អាចនឹងត្រូវដកតំណែងផង ៕
ប្រភព៖ អេវឺរីដេ