នាយកប្រតិបត្តិ Nokia ថ្លែងទាំងទឹកភ្នែកថា ក្រុមហ៊ុនបរាជ័យ តែពួកគេមិនបាន ធ្វើអ្វីខុសនោះទេ!

ការបរាជ័យរបស់ក្រុមហ៊ុនទូរស័ព្ទ ដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញ NOKIA រហូតដល់លក់ក្រុមហ៊ុនខ្លួនទៅឲ្យក្រុមហ៊ុន Microsoft វិញនោះ បានធ្វើឲ្យមហាជននៅតែមានការងឿងឆ្ងល់ និងចោទសួរថា តើបណ្តាអ្នកគ្រប់គ្រងអតីតក្រុមហ៊ុនយក្សមួយនេះ បានធ្វើអ្វីខុស រហូតដល់ក្រុមហ៊ុនដាំក្បាលដូចនេះ?
នៅក្នុងសន្និសីទមួយ ប្រកាសពីការផ្ទេរសិទ្ធិក្រុមហ៊ុន NOKIA ទៅឲ្យក្រុមហ៊ុន Microsoft នាយកប្រតិ្តបត្តិ NOKIA បានថ្លែងនូវពាក្យបញ្ចប់ថា៖ "ពួកយើងមិនបានធ្វើអ្វីខុសនោះទេ ប៉ុន្តែទោះជាយ៉ាងណា ពួកយើងនៅតែបរាជ័យ"។ ក្នុងពេលស្តាប់លឺ នាយកប្រត្តិបត្តិខាងលើថ្លែងដូចនេះ ក្រុមគណៈគ្រប់គ្រង ទាំងអស់របស់ក្រុមហ៊ុន NOKIA ក៏ដូចជាខ្លួនលោកផ្ទាល់ បានសម្រក់ទឹកភ្នែកព្រមគ្នាតែម្តង។
NOKIA គឺជាក្រុមហ៊ុនដែលគួរឲ្យគោរពមួយ ពួកគេមិនបានធ្វើអ្វីខុសនៅក្នុងមុខជំនួញរបស់ខ្លួន ប៉ុន្តែទោះជាយ៉ាងណា ពិភពលោកនេះ ហាក់ប្រែប្រួលលឿនពេក ហើយដៃគូប្រកួតប្រជែង របស់ពួកគេគឺមានកំលាំងខ្លាំងសម្បើមថែមទៀត។ ក្រុមហ៊ុននេះមិនត្រឹមតែ បាត់បង់ឱកាសក្នុងការរៀនសូត្រ ការផ្លាស់ប្តូរ និងការរកប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានបាត់បង់ឱកាសសម្រាប់ បន្តជីវិតអាជីវកម្មរបស់ពួកគេតែម្តង។
ជាការពិតណាស់ ករណីខាងលើ បានឆ្លុះបញ្ចាំងឲ្យយើងឃើញថា នៅក្នុងអាជីវកម្ម ប្រសិនបើអ្នកពុំមានការផ្លាស់ប្តូរនោះទេ អ្នកនឹងបាត់បង់សិទ្ធិជាបេក្ខភាព នៃការប្រកួតប្រជែងតែម្តង។ វាមិនមែនជាការធ្វើខុសនោះទេ ប្រសិនបើអ្នកមិនបានរៀនសូត្រ និងទទួលយកអ្វីថ្មី ប៉ុន្តែប្រសិនបើផ្នត់គំនិតរបស់អ្នក មិនអាចដើរតាមទាន់ នូវពេលវេលា ឲ្យបានសមស្របនោះទេ អ្នកនឹងត្រូវគេដកចេញ ពីផ្លូវនោះតែម្តង៕

ប្រភព៖ ខ្មែរឡូត
© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team