រថយន្តយីឌុប១គ្រឿងនេះ ពាក់ស្លាកលេខតាកែវ 3A-1743 បានផ្ទុកអង្ករប្រមាណជា៦០តោនដែលតាមប្រភពព័ត៌មានបានបញ្ជាក់ថា អង្ករទាំងនេះត្រូវបានគេនាំចូលពីប្រទេសវៀតណាម ក្នុងគោលដៅដឹកទៅរាជធានីភ្នំពេញ ។
សមត្ថកិច្ចស្រុកពាមរក៍បានប្រាប់ឱ្យដឹងថា មូលហេតុដែលរថយន្តនេះឡើងស្ពានមិនរួច តែប្រឹងរោទ៍ឡើងរហូតដល់ដាច់កាឡេនេះ គឺដោយសារតែរថយន្តផ្ទុកទម្ងន់ច្រើនពេកលើសកម្លាំងមា៉សីុនជាហេតុនាំឱ្យរថយន្តដាច់កាឡេក៏រអិលថយក្រោយវិញ ពេលនោះព្រូឡានបានលោតចុះយកកំណល់មកកល់កង់រថយន្ត តែដោយសាររងសម្ពាធធ្ងន់ពេកធ្វើឱ្យដុំកំណល់នោះផុងលិចចូលទៅក្នុងកៅស៊ូក្រាលស្ពានគាស់របើកកៅស៊ូអស់១ផ្ទាំងធំ ។ ភ្លាមៗនោះខាងក្រុមអ្នកមើលថែស្ពានបានមកពិនិត្យ និងបានហៅម្ចាស់រថយន្តទៅជួបតម្រូវឱ្យជួសជុលអ៊ុតកៅស៊ូនោះឡើងវិញ ។
គួរបញ្ជាក់ផងដែរថា ស្ពានត្សឹបាសា គឺជាស្ពានដ៏ស្រស់ស្អាតនិងរឹងមាំល្អដែលជាសមិទ្ធផលប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសកម្ពុជាដែលបានទទួលពីប្រជាជនជប៉ុន និងជាស្ពានដែលល្អដាច់គេនៅប្រទេសកម្ពុជា ។ ប្រជាពលរដ្ឋបានលើកឡើងថា ទោះបីជាស្ពាននេះរឹងមាំយ៉ាងណាក៏ដោយលទ្ធភាពទ្រទម្ងន់របស់វាក៏នៅមានដែនកំណត់ដែរ ដូច្នេះបើសិនជាគេបណ្តោយឱ្យរថយន្តធ្ងន់ៗបើកឆ្លងកាត់ម៉ាសេរីដូចសព្វថ្ងៃនេះ មិនយូរមិនឆាប់វាក៏អាចមានបញ្ហាផងដែរ។
ដូច្នេះហើយទើបបងប្អូនប្រជាពលរដ្ឋសំណូមពរឱ្យក្រសួងសាធារណការជួយចាត់វិធានការដាក់ស្លាកសញ្ញាកំណត់ទម្ងន់នៅគល់ស្ពាននេះផង ដើម្បីថែរក្សាស្ពាននេះឱ្យនៅគង់វង្សបានយូរអង្វែង ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ការដឹកជញ្ជូនដោយរថយន្តធុនធ្ងន់បច្ចុប្បន្នគឺជាការដឹកដោយគ្មានការទទួលខុសត្រូវណាមួយនោះទេ ទាក់ទងដល់ការខូចផ្លូវ ឬស្រុតស្ពាន ។ ក្រុមមន្ត្រីបានឱ្យដឹងថា តាមបណ្តោយផ្លូវជាតិលេខ១ចាប់ពីច្រកទ្វារអន្តរជាតិបាវិតមកដល់ស្ពានត្សឹបាសានេះ មានកន្លែងថ្លឹងរថយន្តនៅជីភូក្នុងខេត្តស្វាយរៀង តែរថយន្តដឹកលើសចំណុះរហូតឡើងស្ពានមិនរួចនេះមិនបានដឹកចេញពីច្រកទ្វារបាវិតនោះទេ តែដឹកចេញពីច្រកទ្វារបន្ទាយចក្រី ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ហើយក៏គ្មានទីតាំងថ្លឹងរថយន្តដែរ រហូតឆ្លងស្ពានមកត្រើយខាងលិចទើបមានទីតាំងថ្លឹងរថយន្តមួយកន្លែងក្នុងស្រុកលើកដែក ខេត្តកណ្តាល តែមិនច្បាស់នោះទេថា ប្រសិនបើរថយន្តយីឌុបនេះឆ្លងស្ពានដោយសុវត្ថិភាពនោះហើយ អាចឆ្លងផុតពីកន្លែងថ្លឹងរថយន្តនេះឬបែបណាទេ ។
មតិមហាជនមួយចំនួនដោយសារតែមានការបារម្ភពីស្ពានដ៏ស្រស់ល្អនេះ អ្នកខ្លះនិយាយថា តើគប្បីឱ្យរថយន្តធុនធ្ងន់ដឹកជញ្ជូនឆ្លងកាត់ស្ពានបែបនេះរហូតទៅឬ ? យកល្អគួរតែឱ្យរថយន្តដឹកទំនិញធុនធ្ងន់ រថយន្តកុងតឺន័រធំៗឆ្លងសាឡាងវិញទៅក៏ល្អដែរ ។
ប្រភព៖ កោះសន្តិភាព