រាជធានីភ្នំពេញ ៖ ប៉ុន្មានថ្ងៃកន្លងមកនេះមានពាក្យចចាមអារ៉ាមថា តារាចម្រៀងនាង ខេមរៈ ស្រីពៅ ប្រតិកម្មស្បែកនឹងការប្រើឡេឈានដល់ដំណាក់កាលធ្ងន់ រហូតដល់បាត់បង់ជីវិត ។ ពាក្យចចាមអារ៉ាមនេះស្របពេល ស្រីពៅ បាត់មុខពីពិភពសិល្បៈ ។
អ្នកគាំទ្រចង់ឲ្យក្រុមគ្រួសារចេញមុខបកស្រាយលម្អិតរឿងនេះ ព្រោះគេឆ្ងល់ថាវាជាការពិត ឬយ៉ាណា ?
បងប្រុសរបស់កញ្ញា ខេមរៈ ស្រីពៅ បានបដិសេធថា នេះជាចចាមអារ៉ាម វាមិនមែនជាការពិតទេ ហើយចាត់ទុកថាជារឿងធម្មតារបស់តារាល្បីម្នាក់ ។
លោក ខេមរៈ ភារុណ ជាបងប្រុស អះអាងកាលពីថ្ងៃទី២១ កុម្ភៈ ២០១៦ ថាប្អូនស្រីរបស់លោកមានសុខភាពធម្មតា និងមិនមានបញ្ហាកើតឡើងដូចអ្វីដែលលេចឮនោះទេ តែទទួលស្គាល់ថា ខេមរៈ ស្រីពៅ មិនមានសកម្មភាពឡើងឆាក ឬចេញមុខក្នុងកម្មវិធីសិល្បៈមែនមួយរយៈពេលចុងក្រោយនេះ ។ លោក ខេមរៈ ភារុណ មិនចង់បកស្រាយវែងឆ្ងាយពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមនោះទេ ហើយមិនខឹងចំពោះអ្វីដែលលេចឮពាក់ព័ន្ធប្អូនស្រីរបស់ខ្លួនទេ ដោយចាត់ទុកថា មកពីប្អូនស្រីរបស់ខ្លួនជាតារាល្បីម្នាក់ ទើបមានពាក្យចចាមអារ៉ាមបែបនេះ ។
លោក ខេមរៈ ភារុណ ប្រកាសមិនបកស្រាយនាំឲ្យមានរឿងវែងឆ្ងាយ ហើយគ្មានគម្រោងធ្វើសន្និសីទកាសែត ឬបង្ហាញមុខប្អូនស្រីឲ្យគេបានឃើញ ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមទេ ។ លោក ភារុណ ទទូចកុំឲ្យមានការបរិយាយវែងឆ្ងាយ ដោយអះអាងថា នោះជាដំណឹងអកុសលមិនមែនការពិតទេ ។ « ប្អូនស្រីរបស់ខ្ញុំស្ថិតនៅភ្នំពេញ និងកំពុងរស់នៅជាមួយគ្រួសារនៅម្ដុំចម្ការព្រីង នៅភ្នំពេញជាធម្មតា ។ នាងមិនមានការងារផ្សេងក្រៅពីសិល្បៈដែលស្ងប់ស្ងាត់នាពេលចុងក្រោយនេះ និងមិនមានរវល់សិក្សាទេ ដូច្នេះនៅតែផ្ទះ ដែលនាំឲ្យគេមិនបានឃើញមុខនាងក្នុងពេលផ្ទុះដំណឹងអកុសលកើតឡើងនេះ » ។
យោងតាមការលេចឮ គឺកញ្ញា ខេមរៈ ស្រីពៅ មានប្រតិកម្មស្បែកដោយសារលាបឡេ ។ ដោយសារតែ ស្រីពៅ មិនរួសរាន់ចេញទៅព្យាបាលឲ្យទាន់ពេលវេលា ទើបបណ្ដាលឲ្យមានប្រតិកម្មស្បែក និងប្រព័ន្ធរន្ធញើសឈានដល់កម្រិតធ្ងន់ ។ មិនតែប៉ុណ្ណោះអ្នកខ្លះលើកឡើងថា ស្រីពៅ បានស្លាប់បាត់ទៅហើយ ។ ខ្លះថា ស្រីពៅ ត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅក្រៅប្រទេស ប៉ុន្តែក្រុមគ្រួសារព្យាយាមលាក់បាំងព័ត៌មាន ។
ស្របពេលជាមួយគ្នានេះ ថ្នាក់ដឹកនាំផលិតកម្មសាន់ដេ ផ្តល់តម្រុយថា ខេមរៈ ស្រីពៅ មិនមានប្រតិកម្មស្បែកទេ ហើយចាត់ទុកថា អ្វីដែលលេញឮជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ៕