រួមគ្នា​លើក​កំពស់​ប្រាក់​រៀលខ្មែរ​... សំណូមពរ​តាម​ហ្វេសប៊ុក​


ប្រាក់ដុល្លារ​អាមេរិក ត្រូវ​បាន​គេ​ដឹង​ថា ជា​រូបិយបណ្ណ​ទី​១​របស់​បណ្តា​អ្នក​មានប្រាក់​ចាយ​ច្រើន​ ដូច្នេះ​ហើយ​ទើប​ការ​ដោះ​ដូរ​ទំនិញ​​ស្ទើ​តែ​ទាំង​អស់​ត្រូវ​គេ​បំភ្លេច​ប្រាក់រៀន​ខ្មែរ​។ តើ​ដោយ​សារ​តែ​ហេតុអ្វី?
មិនមែន​ជារឿង​ចំលែក​ទេ បើសិន​ជា​អ្នក​កាន់​ក្រដាស់ប្រាក់​ដុល្លារ​អាមេរិក រឺ​ប្រើប្រាស់កាត​គណន៌ធនាគារ​ចូល​ទិញ​ទំនិញ​ថ្លៃ​ៗ ប៉ុន្តែ​គេ​ប្រហែល​ជាសើ​ច​អ្នក​នៅ​ពេល​ដែល​ប្រើប្រាស់​ក្រដាស់​ប្រាក់​រៀន​ខ្មែរ​ចំនួន​ច្រើន​ទៅ​ទិញ​របស់ថ្លៃ​ៗ​ ទោះ​ជា​គេ​មិនបដិសេធ​ក៏ដោយ​ ព្រោះ​​គេ​ដឹងថា នៅ​ប្រទេសកម្ពុជា​ ចាយ​ប្រាក់​អីក៏​បានដែរ​។ ការ​យល់ឃើញ​បែប​នេះ​ហើយ​ទើប​ធ្វើ​អោយ​ប្រាក់​រៀន​ខ្មែរ​ហាក់​គ្មានតំលៃ ជាពិសេស​ធ្វើ​អោយ​តំលៃទំនិញ​លើ​ទីផ្សារ​ពិបាក​ក្នុង​ការ​កំណត់​តំលៃ​ច្បាស់លាស់​។
មូល​ហេតុ​ដែល​រូបិយបណ្ណ​បរទេស​មាន​ឥទ្ធិពល​ខ្លាំង រឺ​ពេញនិយម​ប្រើប្រាស់​នៅ​លើទីផ្សារ​កម្ពុជា​ព្រោះ​..៖
  1. ប្រាក់បៀវត្យ​បុគ្គលិក​ កម្មករ គឺ​ជា​ប្រាក់ដុល្លារ​អាមេរិក​
  2. តំលៃទំនិញរាប់ចាប់តាំងពី​សំលៀកបំពាក់​ឡើង​ ត្រូវ​បាន​គេ​គិត​ជា​ដុល្លារ​អាមេរិក​។ ដោយ​ហោចទៅ សូម្បី​តាម​ហាង​ផឹកស៊ី តាម​ភោជនីយដ្ឋាន​ ។ល។ សុទ្ធ​តែ​គិត​ជា​ដុល្លារ​អាមេរិក​។
ជាឧទាហរណ៌គួរអោយអស់សំណើច សូម្បីតែ​ចូល​ទៅស្តីដណ្តឹងកូនក្រមុំគេ ក៏​ត្រូវ​គេគិត​ជា​ដុល្លារ​អាមេរិក​ដែរ... 
រឿង​មួយ​ដែល​អ្នកសេដ្ឋកិច្ច​គួរ​តែ​ពិចារណា​គឺ ការ​បើក​ប្រាក់ខែ​ជា​ប្រាក់ដុល្លារ តែ​ការដោះ​ដូរទំនិញ​ប្រចាំថ្ងៃ​មាន​ មុខម្ហូប បន្លែ​បង្ការ ជាដើម​ បែជា​គិត​លើ​ប្រាក់រៀល ឯទំនិញ​ថ្លៃ​ៗ​បែជាគិត​លើ​ប្រាក់ដុល្លារ​អាមេរិក ដែល​ធ្វើ​អោយ​អត្រា​នៃការ​ចំណាយ​មិនច្បាស់​លាស់ និង​មិន​សមតុល្យ​ទៅ​នឹង​តំលៃទំនិញ និង​ប្រាក់ចំណូល​។ ឧទាហរណ៌ បើប្រាក់ខែ​ ១០០​ដុល្លារ​អាមេរិក ហើយ​សាច់​ជ្រូក​មួយគីឡូ ២ម៉ឺនរៀល អ្នកទិញ​ត្រូវ​តែ​ដោះដូរ​ជាប្រាក់រៀលទៅទិញ (ត្រូវ​ខាត​មួយ​តង់) បើមិនដូច្នេះ​អ្នក​ទិញត្រូវចាយ​ប្រាក់​ដុល្លារ​អាមេរិក ដោយ​គិត​តំលៃ​ស្មើ​និង​៥ដុល្លារ ត្រូវ​ខាត​តំលៃ​លើស (បើ​១ដុល្លារ​ដូរ​បាន ៤១០០ រៀល អ្នកទិញត្រូវខាត​ ៥០០រៀល ក្នុងសាច់ជ្រូង​១គីឡូក្រាម) មួយ​តង់ទៀត​។ ពេលណា​មួយ​ សាច់ជ្រូក​ឡើងថ្លៃ​ដល់​ ៣ម៉ឺនរៀល តែប្រាក់ខែ​នៅ​តែ​១០០ដុល្លារ​អាមេរិក​ ហើយ​ជួ​ន​ជា​តំលៃ​ដុល្លារ​ធ្លាក់ចុះ​ផងនោះ នឹងកាន់តែធ្វើអោយជីវភាព​ដុនដាប​ឡើង​។ មូលហេតុ​ទាំងនេះ បាន​ធ្វើ​អោយ​អ្នកដែល​មានប្រាក់ចំណូល​ទាប មិនអាច​គ្រប់គ្រង​ការចំណាយ​ប្រចាំថ្ងៃ​របស់​ខ្លួន​ឯង​បាន​ល្អ។

កាល​ពីពេលថ្មី​ៗ​នេះ មាន​ការ​ចែក​រំលែកតៗ​គ្នា​អំពី​ហាង និង​ឳសថស្ថាន​មួយ​ចំនួន​ដែល​បានដាក់​ប្រកាស​ដល់​អតិថិជន​របស់​ខ្លួន​ថា «ទទួល​តែប្រាក់រៀល​ប៉ុណ្ណោះ​» គឺពិត​ជា​ទទួល​បានការគាំទ្រ​ច្រើន និង​បានក្លាយ​ជា​សារ​ដ៏​សំខាន់​ក្នុងការដាស់តឿន​ឈ្មួញ និងអាជីវករ​អោយ​ងាក​មកគិត​លើការកំណត់តំលៃទំនិញ​របស់​ខ្លួន​ជាប្រាក់រៀល​វិញ​។
ដូច្នេះ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ គួរ​ណាស់តែ​គាំទ្រ​ការ​ចាយ​ប្រាក់រៀល​ខ្មែរ​អោយ​បានទូលំទូលាយ ហើយ​អ្នកដែលកំពុងប្រកប​អាជីវកម្មគួរណាស់តែ​កំណត់​មុខតំលៃទំនិញ​របស់​ខ្លួន​ជាប្រាក់រៀល​។ សូម​ធ្វើជាអ្នកដំបូង​ នោះ អ្នក​នឹងទទួល​បាន​ការគាំទ្រច្រើនបំផុត​ពីអតិថិជន​របស់អ្នក​។

© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team