ម្ចាស់តូបម្នាក់នៅកោះហាវ៉ៃ បានប្រាប់ឲ្យដឹងថា «តាមការពិតទៅតូបមិនគិតថ្លៃទាល់តែសោះសម្រាប់អ្នកដែលមកទីនេះដើម្បីកម្សាន្តដោយគ្រាន់តែទទួលទានអាហារ ឬភេសជ្ជៈនៅអាហារដ្ឋានរបស់យើង។ ប៉ុន្តែទេសចរមួយចំនួន ពិសេសប្រជាជនខ្មែរភាគច្រើនយកអាហាររបស់ខ្លួនពីផ្ទះ ឬទិញនៅកន្លែងផ្សេងដើម្បីទទួលទាននៅអាហារដ្ឋានរបស់យើង ដូច្នេះបានជាយើងគិតថ្លៃតូប។ បើយើងមិនជួលតូបទេ នោះយើងម៉េចនឹងអាចរួចដើមទៅបើគាត់មិនចំណាយលើការហូបចុកនៅកន្លែងយើង»។
អ្នកស្រីបានបន្តថាតូបសម្រាប់ជួលមានតម្លៃចាប់ពី ២ម៉ឺនរៀលទៅ ៨ម៉ឺនរៀល ទៅតាមទំហំទីតាំងដែលភ្ញៀវត្រូវការសម្រាប់ការជួបជុំគ្នា។
លោក ពៅ រដ្ឋា ជាភ្ញៀវធ្វើដំណើរពីភ្នំពេញជាមួយនឹងក្រុមគ្រួសារចំនួន ១២នាក់ មកកាន់ឆ្នេរហាវ៉ៃបានមានប្រសាន៍ថា ពួកគាត់មិនបានបញ្ជាហៅអាហារនៅតូបអាហារដើម្បីទទួលទានទេ លោកបាននាំយកម្ហូបរបស់ខ្លួនដែលបានទិញពីផ្សារមក ព្រោះវាមានតម្លៃថោកជាងហើយ។ លោកគ្រាន់តែជួលតូបគេសម្រាប់មនុស្ស ១១នាក់ នោះចំណេញជាង ដោយចំណាយ១០ដុល្លាប៉ុណ្ណោះនៅថ្ងៃធម្មតា។
កញ្ញា កូវ មន្នីរត្ន័ ជាភ្ញៀវទេសចរនៅលើឆ្នេរអូរឈើទាល បាននិយាយថា «ខ្ញុំមិនដែលចំណាយលើការជួលតូបអីនោះទេ ព្រោះថា ជារឿយៗពេលដែលខ្ញុំមកលេងឆ្នេរខ្ញុំតែងតែកុម្ម៉ង់អាហារ និងភេសជ្ជៈ។ ការដែលមានទីនេះ ហើយកុម្ម៉ង់ចំណីអាហារពួកគាត់អាចជួយដល់វិស័យទេសចរណ៍ និងជីវភាព គ្រួសាររបស់អាជីវករបានមួយកម្រិតផងដែរ។ ណាមួយខ្ញុំគិត ការដែលមកដើរលេងនៅកន្លែងបែបនេះ ហើយមានយកអាហារពីខាងក្រៅមកហូបដូចជាមិនសូវសម»៕
ប្រភព៖ សប្បាយ