ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ការទទួលទានមីជារឿយៗហាក់មិនផ្តល់អត្ថប្រយោជន៍នោះទេ ។ ផ្ទុយទៅវិញវាបានបង្កើតឱ្យមានភាពវឹកវរដល់សុខភាពអ្នកទទួលទានទៀតផង ។
ការស្រាវជ្រាវដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិកបានរកឃើញថា បុគ្គលដែលទទួលទានមីស្រុស២-៣ដងក្នុងមួយសប្តាហ៍ ក្នុងនោះបូករួមទាំងមីផលិតនៅប្រទេសជប៉ុនផងដែរ គឺបង្កើនហានិភ័យកើតមានលក្ខខណ្ឌ Cardiometabolic Syndrome ក្នុងកម្រិតមួយគួរឱ្យព្រួយបារម្ភ ។ Cardiometabolic Syndrome គឺជាលក្ខខណ្ឌវេជ្ជសាស្ត្រមួយដែលអាចបណ្តាលឱ្យបុគ្គលកើតមានជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែម ។
ដូចជាអាហារកែច្នៃច្រើនប្រភេទទៀតដែរ មីផ្ទុកយ៉ាងខ្ពស់នូវសារធាតុអំបិល ហើយការទទួលទានបណ្តាអាហារដែលសម្បូររ៉ែមួយនេះគឺអាចបង្កើនហានិភ័យពីជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល ។
មីជាពិសេសគឺមីរបស់ជប៉ុនឈ្មោះ Ramen ដែលមានរសជាតិច្រើនមុខដូចជា រសជាតិសាច់មាន់ សាច់ជ្រូក សាច់គោ និងរសជាតិផ្សិតត្រូវបានគេទទួលទានយ៉ាងទូលំទូលាយក្នុងចំណោមប្រជាជាតិអាស៊ី ជាពិសេសក្នុងប្រទេសកូរ៉េខាងត្បូងដែលជាទីកន្លែងមានអ្នកទទួលទានមីខ្ពស់ជាងគេបំផុតក្នុងលោក ។ បច្ចុប្បន្ន ប្រជាជនក្នុងប្រទេសនេះកាន់តែច្រើនឡើងកើតមានបញ្ហាសុខភាពក្នុងនោះ តួលេខអ្នកធាត់លើសទម្ងន់ និងអ្នកជំងឺបេះដូងកើនឡើងយ៉ាងរហ័ស ។
ចុះផ្សាយក្នុងព្រឹត្តិបត្រ The Journal of Nutrition វេជ្ជបណ្ឌិត Hyun Joon Shin ជាអ្នកដឹកនាំការស្រាវជ្រាវបានបញ្ជាក់ថា ៖ «បណ្តាមីកំប៉ុង និងកញ្ចប់ គឺជាអាហារសម្រន់ដែលបំផ្លាញដល់សុខភាពបេះដូងជាពិសេសគឺស្ត្រី ។ សុខភាពបេះដូងស្ត្រីអាចនឹងចាប់មានបញ្ហា ប្រសិនជាគេទទួលទានមីស្រុសមួយចានរាល់ថ្ងៃ ។
កាលពីដើមឆ្នាំកន្លងទៅ លោក Braden Kuo អ្នកឯកទេសខាងក្រពះពោះវៀនមន្ទីរពេទ្យ Massachusetts General Hospital នៅក្រុងបូស្តុន សហរដ្ឋអាមេរិក បានពិសោធឃើញថា រាងកាយជួបការលំបាកខ្លាំងដើម្បីរំលាយមីនៅឆៅ ។ លោកថា មីជាពិសេសមី Ramen មានដាក់សារធាតុគីមីឈ្មោះ Tertiary-butyl hydroquinone (TBHQ) គឺជាសារធាតុបន្ថែមពណ៌ ឬរសជាតិទៅលើអាហារដែលជាផលិតផលសម្រេចរបស់ឧស្ម័នប៊ូតានប្រើក្នុងឧស្សាហកម្មប្រេងឥន្ធនៈ ៕