Booysen Shane សារ​ភាព ចង់លេង​ឲ្យជម្រើស​ជាតិ​កម្ពុជា តែជា​ឱកាស​សែន​ឆ្ងាយ

សែប្រយុទ្ធក្រុម ភ្នំពេញក្រោន សញ្ជាតិអាហ្វ្រកខាងត្បូង Booysen Shane បានទម្លាយចំណាប់​អារម្មណ៍ផ្ទាល់ខ្លួនថា គឺជាក្ដីរីករាយ​និង​កិត្តិយស​ប្រសិន​ខ្លួន​អាច​លេងឲ្យក្រុមជម្រើសជាតិកម្ពុជា ដោយការចូលសញ្ជាតិខ្មែរនៅថ្ងៃណាមួយនោះ​។ Booysen Shane និយាយបែបនេះថា ៖«ខ្ញុំគិតថាវាជាកិត្តិយសដ៏ធំធេងប្រសិនខ្ញុំអាចចូលលេង​ឲ្យជម្រើសជាតិ​កម្ពុជាដូចគេថា​មែន។ ប៉ុន្តែខ្ញុំគិត​ថាវា​ត្រូវឆ្លង​កាត់​នីតិវិធីស្មុគស្មាញណាស់ តាមមើលទៅ។ បើអ្វីៗអាចកើត​ឡើង​អីចឹងមែន កាន់តែលឿនគឺខ្ញុំរីករាយ​នឹងចូលរួមជាមួយ​ជម្រើសជាតិ​កម្ពុជា។ ប៉ុន្តែ​សំខាន់​ឥឡូវ​ខ្ញុំលេង ឲ្យក្រុមខ្ញុំ ភ្នំពេញក្រោន ហើយបើអ្វី​កើតឡើងទៀត ថា​ខ្ញុំ​អាច​លេង​ឲ្យ​​ជម្រើស​ជាតិ​ឬ​​យ៉ាង​ម៉េច គឺតាមហ្នឹងទៅ តែពេល​ខ្ញុំផ្ដោត​លើ​ក្រុម​របស់​ខ្ញុំ»​។ ​ ការបរិយាយរបស់ខ្សែប្រយុទ្ធកម្ពស់ ១៦៨សង់ទីម៉ែត្រ ដែលធ្លាប់លេងនៅ Division 2 ថៃ២​រដូវកាលរូបនេះ បាន​ទម្លាយ​ឡើង​ឆ្លើយ​តប​​នឹង​ចចាមអារាម មួយចំនួន​ដែលថាខ្លួនទំនងនឹង ទទួលការសម្របសម្រួលពីសហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ ឲ្យ​ទទួល​បាន​​សញ្ជាតិ​ខ្មែរ និងជាប់ជា​សមាជិក​ជម្រើស​ជាតិ​សម្រាប់​យុទ្ធនាការផ្សេងៗ តាម​រយៈ​ភាព​លេចធ្លោ​​របស់​ខ្លួន​ក្នុង​លីគ​រដូវ​កាល​មុន​​។ ទាក់ទិននឹងចរចាមអារាមដែលអ្នកនិយមបាល់ទាត់ជាតិចង់ជីកកកាយឫសគល់នេះ ត្រូវបាន​លោកម៉ៃ តុលា អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ច្រានចោល។ លោកថាលទ្ធភាពយកកីឡាករបរទេសលេង​ឲ្យជម្រើសជាតិគឺអាចទៅបាន គឺអនុលោម​តាមច្បាប់របស់ FIFA ដោយ​គ្រាន់តែ​កីឡាករ​រូប​នោះ លេងក្នុងស្រុកហោច២​ឆ្នាំឡើងទៅ។ ប៉ុន្តែសហព័ន្ធមកទាល់ពេលនេះ ពុំទាន់ពិចារណា ករណីនេះនៅឡើយ​។ លោកថាប្រសិនអនាគត​សហព័ន្ធគិតពីបញ្ហានេះ ក៏នឹងធ្វើ​ឡើងជាមួយ​កីឡាករ​ណា​លេចធ្លោ​ល្អខ្លាំង ខណៈសព្វថ្ងៃ​លោកកត់សម្គាល់ថា កីឡាកររបទេសនៃលីគ​កម្ពុជា នៅពុំទាន់​មានបច្ចេកទេស​ខ្ពស់ដាច់ឆ្ងាយ​ពីកីឡាករ​ក្នុងស្រុក​ខ្លាំង​នៅ​ឡើយ​៕


ប្រភព៖ កីឡាដេលី
© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team