គ្រូបង្វឹកសញ្ជាតិនីហ្សេរីយ៉ា លោក Jack Tonye Charles គ្រូបង្វឹករបស់ក្រុមអាស៊ីអឺរ៉ុប មានមហិច្ឆតាជួយក្រុមដែលស្ថិតនៅចំណាត់ថ្នាក់លេខ១០កាលពីរដូវកាលមុនអោយឡើងទៅដល់ក្រុមកំពូលតារាងទាំង៤នៃពានរង្វាន់លីកកំពូលកម្ពុជានៅរដូវកាលថ្មីនេះ។
លោកបានលើកឡើងការពីពេលថ្មីៗថា៖ «តាមពិតយើងពិតជាមានមហិច្ឆតា និង គោលបំណងឡើងទៅដល់៤ក្រុមចុងក្រោយ ប៉ុន្តែយើងត្រូវការធ្វើការងារខ្លាំងបន្ថែមទៀតដើម្បីទៅដល់គោលដៅនោះ»។ គ្រូបង្វឹកវ័យ៣៣ឆ្នាំរូបនេះកាន់អាជ្ញាប័ណ្ណកម្រិតB (AFC B License) ដោយត្រូវបានក្លិបតែងតាំងជំនួស លោក ម៉ែន ពិសិដ្ឋ ដែលជាគ្រូចាស់ បន្ទាប់ពីលោកមានភារកិច្ចរវល់មួយចំនួនក្នុងការងារនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ ដកឃ្លាចេញពីគ្រូបង្វឹកលោក ម៉ែន ពិសិដ្ឋ ទំនងជាត្រូវប្រធានក្លិបតែងតាំងជាអ្នកចាត់ការទូរទៅរបស់ក្រុមវិញម្ដង។
យ៉ាងណាមិញក្នុងជំនួបបើកឆាកក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្រុមអាស៊ីអឺរ៉ុប បានប្រកួតចាញ់ក្រុមបឹងកេតអង្គរ ដោយលទ្ធផលប្រផុតប្រផើយ ៣ទល់២ លើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃអាទិត្យ កន្លងទៅ៕
ប្រភព៖ វីអាហ្វូ៊តប៊ល